ជម្ងឺគ្រុនផ្ដាសាយបក្សី (H5N1 avian flu) ចំនួនពីរករណី បានផ្ទុះឡើងនៅភាគពាយព្យ - ភ្នំពេញប៉ុស្ត៍
តាមរបាយការណ៍អង្គការសុខភាពពិភពលោក (WHO) មានជម្ងឺគ្រុនផ្ដាសាយបក្សី (H5N1 avian flu) ចំនួនពីរករណី បានផ្ទុះឡើងនៅភាគពាយព្យកាលពីជិតពាក់កណ្ដាលនៃខែវិច្ឆិកានេះ។
តាមរបាយការណ៍នៃអង្គការនេះ មានសត្វទាចំនួន ២១០០ ក្បាលបានស្លាប់នៅបាត់ដំបង និង ១៨០ ក្បាលបានស្លាប់នៅសៀមរាបដោយសារការវាយប្រហារនៃមេរោគប្រភេទ H5N1។ បច្ចុប្បន្ន នៅមានទាចំនួន ៨៨០០ ក្បាលកំពុងបន្តមានជម្ងឺនេះ។
យោងតាមការបរិយាយនៅក្នុងរបាយការណ៍ សត្វទាដែលមានជម្ងឺទាំងនេះ គឺជាហ្វូងទាដែលគេលែងនៅតាមទីធ្លាក្រោយផ្ទះ ហើយម្ចាស់ទាទាំងនេះបានរាយការណ៍ប្រាប់ទៅការិយាល័យបសុព្យាបាលស្រុក និងខេត្ត។ មន្ត្រីជំនាញបានចុះទៅពិនិត្យដល់កន្លែងកើតហេតុ និង យកសំណាកសម្រាប់ ពិសោធន៍ ដែលជាលទ្ធផល គេរកឃើញ និងបញ្ជាក់ប្រាប់ថាមានឆ្លងមេរោគផ្ដាសាយបក្សីប្រភេទ H5N1។
បើទោះជាយ៉ាងនេះក៏ដោយ ក៏មេរោគប្រភេទមិនទាន់មានការឆ្លងរាលដាលទៅដល់មនុស្សទេ បើទោះជាក្រសួងសុខាភិបាលបានបញ្ជូនក្រុមអន្តរាគមន៍ត្រួតពិនិត្យតាមដានមើលលើបញ្ហានេះហើយក៏ដោយ។
ករណីនៃជម្ងឺនេះដែលគេបានរកឃើញចុងក្រោយនៅកម្ពុជា គឺនៅខែមីនាដើមឆ្នាំនេះ ដែលរហូតមកទល់ពេលនេះ ក្រសួងកសិកម្មនៅមិនទាន់បានបញ្ជាក់អំពីបញ្ហានៃការឆ្លងរាលដានជម្ងឺនេះនៅ។
មន្ត្រីពេទ្យសត្វស្រុកពួកនៃខេត្តសៀមរាបបានឲ្យដឹងថា មានសត្វទាចំនួន ១០០ ក្បាល បានបន្តកើតមានជម្ងឺនេះ។ សត្វទាដែលនៅបន្តមានជម្ងឺទាំងនេះ គឺក្នុងចំណោមសត្វទាចំនួន ៦៥០០ ក្បាល ដែលបាននាំចូលមកពីស្រុកមង្គលបុរីនៃខេត្តបន្ទាយមានជ័យ។
ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់ឲ្យដឹងថា សត្វទាទាំងនេះត្រូវបានគេដឹកជញ្ជូនចូលមកដោយរងនូវកម្ដៅថ្ងៃ និងទឹកភ្លៀងជោគជាំខ្លាំង។ លោកបានបញ្ជាក់ប្រាប់ទៀតថា នឹងមានការកប់ចោលនូវសត្វទាដែលមានជម្ងឺទាំងនេះ ហើយបើយើងដឹងរបៀបបង្ការវាបានត្រឹមត្រូវ ជម្ងឺផ្ដាសាយបក្សីនេះនឹងមិនឆ្លងមកមនុស្សបានទេ។
...